គោរពទំនៀមទម្លាប់ប្រពៃណីបងប្អូនជនជាតិដើមភាគតិច
អត្ថបទដោយ៖ វ៉ន គង្គារ

ការកសាងស្ពានមិនត្រឹមតែជាការតភ្ជាប់ផ្លូវធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់បេះដូងរវាងកិច្ចអភិរក្ស និងសហគមន៍។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បងប្អូនសហគមន៍ និងមន្ត្រីពាក់ព័ន្ធបានរួមគ្នាប្រារព្ធពិធីសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីបងប្អូនជនជាតិដើមភាគតិច ដើម្បីបួងសួងសុំសេចក្តីសុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្ពានរេដបូកអូររវាក់»។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់ បុគ្គលិកគម្រោង មន្ត្រីឧទ្យានុរក្ស សមាជិកគណៈកម្មការសហគមន៍រវាក់ មេភូមិ ព្រមទាំងចាស់ទុំ និងបងប្អូនអ្នកភូមិ សរុបប្រមាណ ២៥នាក់។

ស្ពានរេដបូកអូររវាក់ ដែលទទួលបានការគាំទ្រពីគម្រោងរេដបូក (REDD+) មិនត្រឹមតែជាសមិទ្ធផលថ្មីដែលជួយសម្រួលដល់ការធ្វើដំណើររបស់សហគមន៍ និងការល្បាតរបស់មន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការផ្តល់តម្លៃលើជំនឿ និងវប្បធម៌របស់ជនជាតិដើមភាគតិចក្នុងតំបន់។


