ការគ្រប់គ្រងរុក្ខជាតិទន្ទ្រាន (Mimosa pigra) ដើម្បីស្តារទីជម្រកតំបន់ដីសើមនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សើមដ៏សំខាន់មួយនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលជាទីជម្រកដ៏មានសារៈសំខាន់សម្រាប់ជីវចម្រុះ ប្រភេទវារីសត្វ និងសត្វស្លាបទឹកជាច្រើនប្រភេទ ព្រមទាំងគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈសេវាកម្មប្រព័ន្ធអេកូឡូស៊ី។
ទោះជាយ៉ាងណា ការរីករាលដាលយ៉ាងឆាប់រហ័សនៃរុក្ខជាតិទន្ទ្រាន (Mimosa pigra) ដែលជាប្រភេទរុក្ខជាតិរាតត្បាត កំពុងក្លាយជាការគំរាមកំហែងដ៏ធំមួយចំពោះប្រព័ន្ធអេកូឡូស៊ីដីសើមនេះ។ ការរីកដុះដាលយ៉ាងក្រាស់របស់វា បានប្រែក្លាយវាលស្មៅធម្មជាតិ និងទីជម្រកតំបន់សើមទៅជាព្រៃគុម្ពក្រាស់ៗ ដែលធ្វើឱ្យគុណភាពទីជម្រកធ្លាក់ចុះ និងកាត់បន្ថយតំបន់រកចំណីសម្រាប់សត្វស្លាបសំខាន់ៗ ជាពិសេសសត្វក្រៀល។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយអង្គការ WWT ក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសហគមន៍មូលដ្ឋាន បានអនុវត្តកម្មវិធីគ្រប់គ្រងរុក្ខជាតិទន្ទ្រានរយៈពេលវែង (២០២៦–២០៣០)។ សកម្មភាពនេះផ្តោតលើតំបន់ទីជម្រកអាទិភាពដែលមានផ្ទៃដីប្រមាណ ១៥០ ហិកតា ក្នុងគោលបំណងកាត់បន្ថយដង់ស៊ីតេ និងការរីករាលដាលរបស់រុក្ខជាតិទន្ទ្រាន ព្រមទាំងស្តារទីជម្រកតំបន់ដីសើមសម្រាប់សត្វព្រៃ។ វិធានការគ្រប់គ្រងរួមមាន ការកាប់ផ្ដួលរុក្ខជាតិទន្ទ្រានមុន និងក្រោយរដូវទឹកជំនន់ ព្រមទាំងការប្រមូលផ្លែ និងយកទៅបំផ្លាញដោយសុវត្ថិភាព ដើម្បីទប់ស្កាត់ការបែកខ្ចាត់ខ្ចាយគ្រាប់ និងកាត់បន្ថយការរីកដុះឡើងវិញ។

ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ មានអ្នកចូលរួមសរុបចំនួន ៣៥នាក់ មកពី NatureLife Cambodia និង WWT ក្រុមការងារតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសហគមន៍មូលដ្ឋានពីភូមិក្តុលជ្រុំ សង្គមមានជ័យ ដីលើក និងតារាគមន៍ បានចូលរួមអនុវត្តសកម្មភាពនេះ។

ជាលទ្ធផល ក្រុមការងារបានកាប់សម្អាតរុក្ខជាតិទន្ទ្រានលើផ្ទៃដីប្រមាណ ១៥០ ហិកតា ក្នុងតំបន់ទីជម្រកអាទិភាព និងប្រមូលផ្លែបានចំនួន ២០៥ ថង់ (ថង់ ៥ គីឡូក្រាម) ដើម្បីកាត់បន្ថយការរីករាលដាលនាពេលអនាគត និងគាំទ្រដល់ការស្តារឡើងវិញនៃទីជម្រកតំបន់សើម ដែលជាប្រយោជន៍សម្រាប់សត្វព្រៃ ជាពិសេសសត្វក្រៀល និងប្រភេទជីវៈចម្រុះផ្សេងៗ។




