សមាជិកត្រីទន្លេ ៣៥ រូបទទួលចំណេះដឹងបន្ថែមពីគោលការណ៍ត្រីទន្លេ

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ដោយមានការគាំទ្រពីមូលនិធិបរិស្ថាន UNDP GEF SGP បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ត្រីទន្លេ និងស្តង់ដាអនាម័យ ដល់សមាជិកចំនួន ៣៥ រូប (ស្ត្រី ៣០រូប) ដែលជាសមាជិកនៃសហគ្រាសសហគមន៍អភិរក្សទន្លេសាប នៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលបានផ្តោតលើចំនុចសំខាន់ៗនៃលក្ខន្តិកៈក្រុម បទបញ្ជាផ្ទៃក្នុង ស្តង់ដាអនាម័យ និងគោលការណ៍ស្នូលទាំង ៩ចំនុច របស់ត្រីទន្លេ។ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ លទ្ធផលតេស្តបង្ហាញថា អ្នកចូលរួមបានកើនចំណេះដឹងពី ៣០% (មុនវគ្គ) មក ៨៥% (ក្រោយវគ្គ) បង្ហាញពីការកើនឡើងយ៉ាងច្បាស់នៃចំណេះដឹង។
អ្នកចូលរួមបានបង្ហាញការពេញចិត្ត ដោយលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានពង្រឹងចំណេះដឹងអំពីការកែច្នៃត្រីឆ្អើរតាមស្តង់ដាអនាម័យ បទបញ្ជាក្រុម និងអត្ថប្រយោជន៍នៃការជាសមាជិកសហគ្រាស។

សមាជិកទាំងអស់បានប្តេជ្ញាអនុវត្តគោលការណ៍ទាំង ៩ចំនុច និងរក្សាស្តង់ដាអនាម័យ ព្រមទាំងការអភិរក្សក្នុងការផលិត។ វគ្គបណ្តុះបណ្តាលបន្តនឹងត្រូវរៀបចំនៅបីខែបន្ទាប់ទៀត ដើម្បីបន្ដពង្រឹង និងរំលឹកចំណេះដឹងបន្ថែម។
សូមថ្លែងអំណរគុណដល់មូលនិធិបរិស្ថាន UNDP GEF SGP ដែលបានគាំទ្រសកម្មភាពនេះ។

