បរិច្ចាក
ព័ត៌មាន

ការប្រមូលទិន្នន័យបឋមនៅតំបន់រ៉ាមសារកោះកាពិ

តំបន់រ៉ាមសារកោះកាពិ គឺជាតំបន់ដីសើមដ៏មានសារៈសំខាន់មួយរបស់កម្ពុជា ដែលស្ថិតនៅក្នុងបណ្ដាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត–អូស្ត្រាលី។ តំបន់នេះមានព្រៃកោងកាងធំទូលាយ និងសម្បូរបែប ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់មួយរបស់កម្ពុជា និងជាជម្រកសម្រាប់ប្រភេទសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទ។

នៅថ្ងៃទី ៣០–៣១ ខែកក្កដា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានអនុវត្តការសិក្សាទិន្នន័យបឋម (Baseline) ក្រោមគម្រោងរយៈពេល ៣ ឆ្នាំ «ការពង្រឹងសហគមន៍តំបន់ឆ្នេរ ដើម្បីអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពប្រកបដោយចីរភាពនៅតំបន់រ៉ាមសារកោះកាពិ ប្រទេសកម្ពុជា» ដែលទទួលបានការគាំទ្រថវិកាពី 30×30 Southeast Asia Ocean Fund។ ការសិក្សានេះមានគោលបំណងបង្កើតទិន្នន័យមូលដ្ឋានច្បាស់លាស់មុនពេលអនុវត្តគម្រោង និងឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម ឱកាស និងតម្រូវការរបស់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងតំបន់។

ក្រុមការងារបានរៀបចំ កិច្ចពិភាក្សាក្រុមផ្តោត (FGD) ចំនួន ៣ ដោយមានអ្នកចូលរួមសរុប ៥០នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ ដែលតំណាងឱ្យអាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ មេភូមិ នាយកសាលា និងសមាជិកក្រុមកែច្នៃផលិតផលជលផល។ កិច្ចពិភាក្សាបានផ្តោតលើជីវភាពសហគមន៍ និងឱកាសបង្កើនប្រាក់ចំណូល ការនេសាទ និងទីផ្សារ ការគ្រប់គ្រងតំបន់និងសហគមន៍តំបន់ការពារធម្មជាតិ ជីវៈចម្រុះនិងការគំរាមកំហែង ការអនុវត្តច្បាប់ ការពង្រឹងសមត្ថភាព តម្រូវការរបស់សហគមន៍ ការចូលរួមរបស់ស្ត្រីនិងយុវជន ការយល់ដឹងអំពីបរិស្ថាន និងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សធម្មជាតិ។

លទ្ធផលពីការសិក្សានេះនឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់តាមដាន និងវាយតម្លៃវឌ្ឍនភាពរបស់គម្រោង ព្រមទាំងជួយពង្រឹងកិច្ចសហការរវាងសហគមន៍ និងភាគីពាក់ព័ន្ធ ក្នុងការអភិរក្សជីវៈចម្រុះ លើកកម្ពស់ជីវភាពប្រកបដោយចីរភាព និងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិ។

ពាក្យសម្គាល់៖