បរិច្ចាក
ព័ត៌មាន

ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចលើកទឹកចិត្តអោយកម្មកររបស់ខ្លួនចូលរួមអភិរក្សសត្វព្រៃ

អត្ថបទដោយ៖ ហ៊ឹម ឃុននី

ដែនជម្រកសត្វព្រៃលំផាត់៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានសហការជាមួយក្រុមហ៊ុនថាកូអាហ្គ្រី (THACO AGRI) រៀបចំកិច្ចប្រជុំអប់រំផ្សព្វផ្សាយស្តីពី «តម្លៃនៃការអភិរក្សសត្វព្រៃជិតផុតពូជ និងការចូលរួមរបស់ក្រុមហ៊ុនក្នុងការបង្កើត និងគ្រប់គ្រងទីតាំងអភិរក្ស»។ កម្មវិធីនេះមានការចូលរួមពីសំណាក់លោក ម៉ោញ ពេជ្រ ប្រធានគម្រោងស្តីទី របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងលោក Hieu Tran Quoc ប្រធានផ្នែកផែនការ របស់ក្រុមហ៊ុនថាកូអាហ្គ្រី និងមានអ្នកចូលរួមសរុបចំនួន ២៤៦នាក់ ក្នុងនោះស្រ្តីចំនួន ៨៤នាក់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖

១. បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សជីវៈចម្រុះ ដល់កម្មករក្រុមហ៊ុន ដែលកំពុងបម្រើការងារនៅក្បែរទីតាំងអភិរក្ស ក្នុងដែនជម្រកសត្វព្រៃលំផាត់។

២. បង្កើនកិច្ចសហការរវាងក្រុមហ៊ុន កម្មករ​ អង្គការអភិរក្ស និង សហគមន៍តំបន់ការពារធម្មជាតិអូររៃ ក្នុងការការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងចីរភាព។

របៀបវារៈក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានដូចជា ការចាក់បញ្ចាំងវីដេអូឯកសារស្តីអំពី ការអភិរក្សសត្វកម្រៗជិតផុតពូជដែលមានក្នុងតំបន់ ការធ្វើបទបង្ហាញពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការអភិរក្សជីវៈចម្រុះ និងច្បាប់ស្តីពីតំបន់ការពារជាដើម។ ដើម្បីវាស់វែងការយល់ដឹងរបស់កម្មករ ក្រោយបានស្តាប់ និងទស្សនាវិដេអូ យើងបានសម្របសម្រួលអោយមានកម្មវិធីឆ្លើយសំណួរយករង្វាន់ផងដែរ កម្មករបានលើកដៃចូលរួមឆ្លើយសំនួរយ៉ាងសកម្ម នេះបញ្ចាក់ថា អ្នកចូលរួមភាគច្រើន មានការចាប់អារម្មណ៍ និងយល់ដឹងខ្ពស់ទាក់ទងនឹងកិច្ចការងារអភិរក្ស។

កិច្ចប្រជុំអប់រំផ្សព្វផ្សាយនេះ ជាកម្មវិធីធំលើកទីមួយដែលទទួលបានការសហការចូលរួមយ៉ាងជិតស្និត ពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងកម្មករ។ ក្នុងឱកាសនេះដែរ តំណាងក្រុមហ៊ុន THACO AGRI លោក Hieu Tran Quoc បានបង្ហាញការតាំងចិត្តយ៉ាងមោះមុតក្នុងការគាំទ្រដល់ការងារអភិរក្ស ជាពិសេសសកម្មភាពរក្សាផ្ទៃដី ២៥ ហិកតា ដែលក្រុមហ៊ុនបានសម្រេចរក្សាទុក សម្រាប់គាំទ្រដល់ការអភិរក្ស និងផ្តល់ទីជម្រកសុវត្ថិភាពសម្រាប់សត្វក្រៀល និងសត្វព្រៃដ៏ទៃទៀត។

ការយកចិត្តទុកដាក់ និងការចូលរួមសហការរបស់កម្មករ និងក្រុមហ៊ុន គឺជាជំហានថ្មីមួយនៃការសម្របសម្រួល និងសហការរវាងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការអភិរក្ស និងសហគមន៍ ជំរុញឱ្យកិច្ចការអភិរក្សនេះមានប្រសិទ្ធភាពខ្ពស់ និងចីរភាព។ យើងសង្ឃឹមថាកិច្ចសហការនេះនឹងទទួលបានផលវិជ្ចមានសំរាប់អភិរក្សសត្វជិតផុតពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាពិសេសគឺសត្វក្រៀល។

ពាក្យសម្គាល់៖
, , ,