បរិច្ចាក
ព័ត៌មាន

កិច្ចប្រជុំអ្នកពាក់ព័ន្ធបន្ដណពង្រឹងកិច្ចសហការល្អនៅតំបន់រ៉ាមសារស្ទឹងសែន

កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្សដីសើមទឹបសាប នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកំពង់ធំ បានសហការរៀបចំកិច្ចប្រជុំអ្នកពាក់ព័ន្ធលើកទី៦ ស្តីពី «កិច្ចសហការក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់រ៉ាមសារស្ទឹងសែន» ក្រោមកិច្ចសហការពី អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) និងគាំទ្រថវិកាដោយមូលនិធិ Critical Ecosystem Partnership Fund (CEPF) ដែលបានរៀបចំឡើងនៅស្នាក់ការផាត់សណ្តាយ ក្នុងតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ។

កិច្ចប្រជុំអ្នកពាក់ព័ន្ធនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០២២ និងរៀបចំឡើងជារៀងរាល់ ៦ខែម្តង ដើម្បីបង្កើតជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធសំខាន់ៗចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនដែលទទួលបាន ពិភាក្សាអំពីបញ្ហាប្រឈម ពង្រឹងកិច្ចសហការ និងកំណត់ផែនការសកម្មភាពរួមសម្រាប់ការគ្រប់គ្រងតំបន់ប្រកបដោយចីរភាព។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស កងកម្លាំងអនុវត្តច្បាប់ និងកងកម្លាំងយោធាសឹករងភូមិភាគ៤ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ និងអង្គការសង្គមស៊ីវិល។

ដោយឡែក កិច្ចប្រជុំលើកទី៦នេះត្រូវបានដឹកនាំសម្របសម្រួលដោយ លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹបសាប និងចូលរួមជាគណៈអធិបតីដោយ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក ប៊ូ វរសក្ស នាយកប្រតិបត្តិអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអ្នកពាក់ព័ន្ធសំខាន់សរុបចំនួន ២៩នាក់ ក្នុងនោះមានស្ត្រី ៣នាក់។ កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី៥ ព្រមទាំងចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការងារអភិរក្ស និងការគ្រប់គ្រងតំបន់ដែលបានអនុវត្តកន្លងមក។

កិច្ចពិភាក្សាសំខាន់ៗបានផ្តោតលើ សកម្មភាពខុសច្បាប់ ការគ្រប់គ្រងសហគមន៍ បឹងអភិរក្សត្រីមេពូជ ការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន ការចូលរួមរបស់ស្ត្រី ជីវភាពសហគមន៍ កិច្ចសហការ និងការទំនាក់ទំនង ព្រមទាំងឱកាសសម្រាប់ការគាំទ្រ និងការពង្រីកបណ្តាញកិច្ចសហការ។ អ្នកចូលរួមក៏បានកំណត់បញ្ហាប្រឈមជាអាទិភាព និងរៀបចំផែនការសកម្មភាពរួមសម្រាប់អនុវត្តក្នុងរយៈពេល ៦ខែបន្ទាប់។​ ជាមួយគ្នានេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏បានចែករំលែកព័ត៌មានអំពី សកម្មភាពគម្រោងថ្មីដែលនឹងអនុវត្តនៅតំបន់រ៉ាមសារស្ទឹងសែន ដើម្បីពង្រឹងកិច្ចសហការបន្ត ពង្រីកបណ្តាញអ្នកពាក់ព័ន្ធ និងចូលរួមចំណែកក្នុងការពង្រឹងការអភិរក្ស និងការគ្រប់គ្រងតំបន់ប្រកបដោយចីរភាព។

កិច្ចប្រជុំអ្នកពាក់ព័ន្ធនេះនឹងបន្តដើរតួនាទីជាយន្តការដ៏សំខាន់សម្រាប់ កសាងភាពជាដៃគូ ពង្រឹងការទំនាក់ទំនង និងជំរុញសកម្មភាពរួម របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមការពារ និងអភិរក្សតំបន់រ៉ាមសារស្ទឹងសែន និងធនធានធម្មជាតិរបស់តំបន់នេះ។

ពាក្យសម្គាល់៖