បរិច្ចាក
ព័ត៌មាន

អង្គការជីវិតធម្មជាតិនៅកម្ពុជាចាប់ផ្តើមគម្រោងថ្មីនៅតំបន់រ៉ាមសារកោះកាពិ

អត្ថបទដោយ៖ សាន ស៊ីនាង

ខេត្តកោះកុង៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) សហការជាមួយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំសិក្ខាសាលាបើកសម្ពោធគម្រោង «លើកកម្ពស់សហគមន៍តំបន់ឆ្នេរ ដើម្បីចូលរួមអភិរក្សជីវៈចម្រុះ និងបង្កើនជីវភាពបៃតងក្នុងតំបន់រ៉ាមសារកោះកាពិ ប្រទេសកម្ពុជា» នៅមន្ទីរបរិស្ថានខេត្តកោះកុង។

ពិធីបើកសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រ និងជាតំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមជាគណៈអធិបតីពី លោក អន សុធារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង និងលោកបណ្ឌិត Ding Li Yong ប្រធានកម្មវិធីផ្លូវហោះហើរ នៃអង្គការសត្វស្លាបអន្តរជាតិប្រចាំតំបន់អាស៊ី។ សិក្ខាសាលនេះក៏មានការចូលរួមពីនាយកដែនជម្រកសត្វព្រៃពាមក្រសោប នាយកតំបន់រ៉ាមសារកោះកាពិ នាយខណ្ឌរដ្ឋបាលជលផល មន្ត្រីឧទ្យានុរក្ស តំណាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន នាយកសាលា និងអង្គការដៃគូ សរុបប្រមាណជាង ៤០ នាក់ (ស្រ្ដី ៣ រូប)។

គម្រោងនេះទទួលបានការគាំទ្រថវិកាពី 30×30 Southeast Asia Ocean Fund និងមានរយៈពេលអនុវត្ត ៣ ឆ្នាំ (២០២៦–២០២៩) នៅតំបន់រ៉ាមសារកោះកាពិ។ គម្រោងមានគោលបំណងពង្រឹងការចូលរួមរបស់សហគមន៍ និងស្ថាប័នពាក់ព័ន្ធក្នុងការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងតំបន់ដីសើម ព្រមទាំងលើកកម្ពស់ជីវភាពបៃតង និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

សិក្ខាសាលាបើកសម្ពោធនេះមានគោលបំណងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងជូនដល់ភាគីពាក់ព័ន្ធ បង្ហាញអំពីគោលដៅ លទ្ធផលរំពឹងទុក សកម្មភាព ផែនការអនុវត្ត និងយន្តការសម្របសម្រួលរបស់គម្រោង។ ទន្ទឹមនឹងនេះ សិក្ខាសាលាក៏បានផ្តល់វេទិកាសម្រាប់ការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងប្រមូលអនុសាសន៍ពីស្ថាប័នរដ្ឋ ក្រសួងនិងមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍ សាលារៀន និងអង្គការដៃគូ ដើម្បីធានាឱ្យការអនុវត្តគម្រោងមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងតំណាងភាគីពាក់ព័ន្ធបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីការពារ និងអភិរក្សតំបន់រ៉ាមសារកោះកាពិ ដែលជាតំបន់ដីសើមមានសារៈសំខាន់អន្តរជាតិ និងជាជម្រកដ៏មានតម្លៃសម្រាប់សត្វស្លាបទេសន្ដប្រវេសន៍ ជីវៈចម្រុះ និងធនធានជលផល ព្រមទាំងជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

ជាលទ្ធផល ភាគីពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីគោលបំណង និងផែនការអនុវត្តគម្រោង ព្រមទាំងចែករំលែកនូវមតិយោបល់ និងអនុសាសន៍សំខាន់ៗ ដែលនឹងត្រូវបញ្ចូលក្នុងផែនការអនុវត្ត ដើម្បីពង្រឹងកិច្ចសហការ ភាពជាម្ចាស់ និងធានាឱ្យគម្រោងទទួលបានជោគជ័យក្នុងការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងលើកកម្ពស់ជីវភាពប្រកបដោយចីរភាពសម្រាប់សហគមន៍នៅតំបន់រ៉ាមសារកោះកាពិ។

ពាក្យសម្គាល់៖
, ,