ថវិកាជាង ១១,០០០ ដុល្លារអាមេរិក ត្រូវបានសន្សំត្រឹមតែរយៈពេល១៣ខែដោយសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង

ក្នុងរយៈពេល ១៣ ខែ គិតចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ ក្រុមមីក្រូហិរញ្ញវត្ថុសហគមន៍ (ក្រុមសន្សំប្រាក់) នៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង បានប្រមូលថវិកាសន្សំសរុបចំនួន ៤៥,៥៧៥,៣០០ រៀល (ប្រមាណ ១១,៣៩៣.៨២ ដុល្លារអាមេរិក)។ នេះជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយរបស់សហគមន៍ និងបានបង្ហាញពីសក្តានុពលនៃការគ្រប់គ្រងហិរញ្ញវត្ថុដោយសហគមន៍ផ្ទាល់ ក្នុងការពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពក្នុងរយៈពេលវែង។

ក្រុមមីក្រូហិរញ្ញវត្ថុសហគមន៍ ឬក្រុមសន្សំប្រាក់នេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០២៤ ក្នុងសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ដែលស្ថិតនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្រោយបញ្ចប់ដំណាក់កាលទី១ ដោយជោគជ័យ ក្រុមមីក្រូហិរញ្ញវត្ថុបានពង្រីកវិសាលភាពក្នុងដំណាក់កាលទី២ នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយក៏បានបង្កើនសមាជិកភាពចូលរួមសរុបរហូតចំនួន ៤៧នាក់ ក្នុងនោះស្ត្រី ២៦នាក់ រួមទាំងបង្កើនថវិកាសន្សំប្រចាំខែម្នាក់រហូតដល់ ៥ ម៉ឺនរៀល ឬប្រមាណ ១២.៥ ដុល្លារអាមេរិក ដើម្បីបង្កើតជាមូលនិធិសហគមន៍ សម្រាប់ផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប និងកាត់បន្ថយការពឹងផ្អែកលើធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងក្រៅ។

តាមរយៈថវិកាសន្សំនេះ សមាជិកសហគមន៍បានប្រើប្រាស់កម្ចីពីក្រុមយកទៅសម្រួលដល់ជីវភាព និងតម្រូវការប្រចាំថ្ងៃ ដូចជា៖
ទិញឧបករណ៍នេសាទស្របច្បាប់ និងទូក
សាងសង់បែចិញ្ចឹមត្រី និងទិញពូជត្រី
ជួសជុលផ្ទះបណ្តែតទឹក
គាំទ្រការសិក្សារបស់កូនៗ
ចំណាយលើការព្យាបាល និងថែទាំសុខភាព
ពង្រីកអាជីវកម្មកែច្នៃត្រីឆ្អើរ
ក្រៅពីការបង្កើនប្រាក់ចំណូលគ្រួសារ និងនិរន្ដភាពហិរញ្ញវត្ថុ ក្រុមសន្សំប្រាក់នេះក៏បានពង្រឹងសាមគ្គីភាពក្នុងសហគមន៍ និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាពផងដែរ។
ដោយផ្អែកលើភាពជោគជ័យនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) នឹងសម្របសម្រួលការចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅកាន់សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងកោះស្រឡៅ ក្នុងតំបន់រ៉ាមសារកោះកាពិ ដែលគ្រោងនឹងបង្កើតក្រុមសន្សំប្រាក់ស្រដៀងគ្នានេះនាពេលខាងមុខ។

សមិទ្ធផលនេះអាចកើតមានឡើងបានដោយសារការគាំទ្រពីម្ចាស់ជំនួយជាច្រើន រួមមាន មូលនិធិ Critical Ecosystem Partnership Fund (CEPF), Sudden Fund របស់អង្គការ Oxfam និង កម្មវិធីមូលនិធិជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក (GEF SGP UNDP)។
![]()
![]()
យើងបានបង្ហាញថា ការពង្រឹងសហគមន៍ ជីវភាពរស់នៅប្រកបដោយចីរភាព និងការអភិរក្សធនធានធម្មជាតិ អាចដើរទន្ទឹមគ្នាបាន។

