សូមស្វាគមន៍ការវិលត្រលប់មកកាន់បឹងព្រែកល្ពៅវិញក្នុងឆ្នាំ២០២៦

អត្ថបទដោយ៖ លី សម្ភ័ស
សត្វត្រដក់ធំ គឺជាប្រភេទសត្វស្លាបដ៏កម្រ និងត្រូវបានអភិរក្សនៅកម្ពុជា។ មុនឆ្នាំ២០២៤ វាត្រូវបានចាត់ថ្នាក់ជាប្រភេទ ជិតផុតពូជ (Endangered)។ ទោះជាយ៉ាងណា ដោយសារកិច្ចខិតខំប្រឹងប្រែងអភិរក្សពីបណ្ដាប្រទេសដែលមានវត្តមានសត្វនេះ ជាពិសេសប្រទេសកម្ពុជា ដែលមានតំបន់ពងកូនធំជាងគេនៅអាស៊ីអាគ្នេយ៍ ស្ថិតនៅតំបន់រ៉ាមសារព្រែកទាល់ ស្ថានភាពអភិរក្សរបស់វាត្រូវបានវាយតម្លៃឡើងវិញ ហើយបច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជា ប្រភេទជិតរងគ្រោះ (Near Threatened)។ ទោះបីជាស្ថានភាពអភិរក្សរបស់វាត្រូវបានកែលម្អក៏ដោយ សត្វត្រដក់ធំនៅតែជាប្រភេទសត្វដែលត្រូវការការការពារ និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាចំនួនរបស់វានឹងបន្តកើនឡើង។
ជារៀងរាល់ឆ្នាំ សត្វត្រដក់ធំតែងតែផ្លាស់ទីមករកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ចាប់ពីខែមិថុនា ដល់ខែសីហា ឬខែកញ្ញា អាស្រ័យលើស្ថានភាពទឹកជំនន់។ សម្រាប់ឆ្នាំ ២០២៦ នេះ សត្វត្រដក់ធំបានវិលត្រឡប់មកកាន់តំបន់ដីសើមបឹងព្រែកល្ពៅលឿនជាងធម្មតា ដោយចាប់ផ្តើមមានវត្តមានតាំងពីចុងខែឧសភា។ រហូតមកដល់ពេលនេះ ក្រុមការងាររបស់យើងបានកត់ត្រាវត្តមានសត្វត្រដក់ធំចំនួន ៣ ក្បាល។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់អភិរក្សដីសើមដ៍សំខាន់និងមានតែមួយគត់របស់ខេត្តតាកែវ ដែលគាំទ្រសត្វស្លាបជិតផុតពូជ និងងាយរងគ្រោះជាច្រើនប្រភេទទៀត តែទោះជាយ៉ាងណាតំបន់នេះកំពុងជួបបញ្ហាប្រឈមមួយចំនួនជាពិសេសការទន្ទ្រានយកដីដោយខុសច្បាប់ ដើម្បីដោះស្រាយកត្តាប្រឈមនេះ បច្ចុប្បន្នក្រសួងបរិស្ថាន អជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធកំពុងមមាញឹកបញ្ចប់ការបែងចែកតំបន់គ្រប់គ្រងនិងបោះបង្គោលព្រុំប្រទល់របស់តំបន់ការពារធម្មជាតិនេះ!
សូមចូលរួមថែរក្សា និងការពារតំបន់ដីសើមបឹងព្រែកល្ពៅទាំងអស់គ្នា ដើម្បីឱ្យសត្វស្លាបដ៏កម្រទាំងនេះនៅតែបន្តវិលត្រឡប់មករកចំណី និងរស់នៅក្នុងធម្មជាតិរបស់កម្ពុជាតទៅ។


